កិច្ចប្រជុំលើកទី៤៦ នៃក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ

កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០១៦ នៅរដ្ឋបាលព្រៃឈើ បានរៀបចំកិច្ចប្រជុំលើកទី៤៦ នៃក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ និងលោកស្រី Sandra Stajka ,ដែលជាសហប្រធានថ្មី និងជានាយកនៃនាយកដ្ឋានបរិស្ថាន និងសន្តិសុខស្បៀងនៃUSAID និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍។

នៅក្នុងឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តមបណ្ឌិត ឆេង គឹមស៊ុន បានសំដែងនូវចំណាប់អារម្មណ៍នៃការផ្លាស់ប្តូរ សហប្រធានក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើពីកញ្ញា Elodie Maria-Sube ទៅលោកស្រី Sandra Stajka និងបានថ្លែងអណរគុណដល់កញ្ញា Elodie Maria-Sube ដែលបានបំពេញការងារជាសហប្រធានអស់រយៈពេល១ឆ្នាំ ៦ខែ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ឯកឧត្តមបានបន្ថែមថា កញ្ញសហប្រធានបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលព្រៃឈើ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន៍ដោយផ្អែកទៅលើ ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ និងដៃគូយុទ្ធសាស្រ្ត។ លើសពីនេះទៅ ទៀតកញ្ញា Elodie Maria-Sube បានជំរុញដៃគូអភិវឌ្ឍន៍ស្វែងយល់ពីមូលបទនៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រវិស័យព្រៃឈើផងដែរ។ កញ្ញា Elodie Maria-Sube ក៏ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ នៃតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា ដោយបានសម្របសម្រួល និងការគាំទ្រដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងពង្រឹងការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តភាព។
ឆ្លៀតក្នុងឱកាសនោះដែរក្នុងនាមរដ្ឋបាលព្រៃឈើ និងរាជរដ្ឋាភិបាលកម្ពុជាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ កញ្ញា Elodie Maria-Sube ដែលបានបំពេញការងារដ៏លេចធ្លោរក្នុងការគាំទ្រវិស័យព្រៃឈើនៅកម្ពុជា ជាពិសេសចំពោះតួនាទីជាសហប្រធាននៃក្រុមការងារបច្ចេកទេសកំណែទម្រង់វិសព្រៃឈើ។